នំ​ភីហ្សា​​ខ្នាតតូចតាម​ចិត្ត​​

គ្រឿង​ផ្សំ​ធ្វើ​នំ៖
– ម្សៅ​ធ្វើ​នំ ១​ពែង​កន្លះ (២២៥​ក្រាម)
– ស្ករ​ស ១​ស្លាប​ព្រា​បាយ
– មេ​ដំបែ ១​ស្លាប​ព្រា​បាយ
– អំបិល​ ១​ស្លាប​ព្រា​បាយ
– ទឹក​
– ប្រេង​អូលីវ (អាច​រក​ទិញ​បាន​​តាម​ផ្សារ​ទំនើប)
គ្រឿង​​​ផ្សំ​​ទឹក​ជ្រលក់​​៖
– ខ្ទឹម​​ស ៣​ទៅ​៤​គ្រាប់
– ខ្ទឹម​បារាំង​ ១
– ប៉េងប៉ោះ​ ២
– ស្ករ​ស ១​ស្លាប​ព្រា​បាយ
– ម្រេច​ម៉ដ្ឋ​ កន្លះ​ស្រាប​ព្រា​បាយ
– ទឹក​ប៉េងប៉ោះ ១​​ដប
– អំបិល​១​ស្លាប​ព្រា​បាយ
– ប្រេង​ផ្កា​​ឈូករ័ត្ន​ (មាន​លក់​នៅ​ផ្សារ​ទំនើប)។
គ្រឿង​បន្ថែម​រសជាតិ​ពី​លើ​៖
*សម្រាប់​គ្រឿង​បន្ថែម​រសជាតិ​ពី​លើ​អ្នក​អាច​រើស​យក​​ប្រភេទ​សាច់​ ឬ​​បន្លែ​​តាម​ដែល​អ្នក​ចូល​ចិត្ត
ឧទាហរណ៍​៖
– សាច់​ជ្រូក​ចិញ្ច្រាំ​ ១០០​ក្រាម
– ម្ទេស​ប្លោក​បៃតង​ ១​កូន​ចាន
– ឈីស ១​​កូន​ចាន
របៀប​ធ្វើ​​នំ​៖
- ដាក់​លាយ​ម្សៅ​ធ្វើ​នំ ជា​មួយ​​អំបិល ស្ករ​ស មេ​ដំបែ​ កូរ​ឲ្យ​សព្វ​ រួច​ចាក់​ប្រេង​អូលីវ​​​ចំនួន​៣​ស្លាប​ព្រា​បាយ​ចូល​​​និង​កូរ​​ច្របល់​ឲ្យ​សព្វ និង​ចាក់​ទឹក​បន្តិច​ចូល​​ច្របាច់​ឲ្យ​សព្វ​ (ឲ្យ​​ម្សៅ​ឡើង​ស្អិត​​ចូល​គ្នា) ។
– រោយ​កម្ទេច​ម្សៅ​ធ្វើ​នំ​លើ​តុ រួច​យក​ម្សៅ​ស្អិត​​ទៅ​​វៃ​លុញ​​ឲ្យ​ចូល​ជាតិ​ល្អ​រយៈ​ពេល​៥​នាទី​។ យក​ម្សៅ​​វៃ​រួច​លាប​ប្រេង​បន្តិច​រួច​ដាក់​​ថង់​ប្លាស្ទិក​​​និង​គ្រប​ផ្អាប់​​ទុក​រយៈ​ពេល​មួយ​ម៉ោង។
របៀប​ធ្វើ​​​​​ទឹក​ជ្រលក់​៖
– យក​ប៉េងប៉ោះ និង​​ខ្ទឹម​បារាំង​ហាន់​ជា​ដុំ​ដាក់​ចូល​គ្នា​ក្នុង​ឆ្នាំង​មួយ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ដូច​ជា ខ្ទឹម​​ស ម្រេច អំបិល​ ទឹក​ប៉េងប៉ោះ​​២​ស្លាប​ព្រា​បាយ​ចូល និង​ចាក់​ប្រេង​ផ្កា​ឈូករ័ត្ន​​២​ស្រាប​ព្រា​បាយ​ចូល​ និង​ចាក់​ទឹក​ចំណុះ​មួយ​ចាន​ចូល រួច​យក​ទៅ​កម្ដៅ​​ចម្អិន​រយៈ​ពេល​៣០​នាទី រួច​​កូរ​ឲ្យ​ម៉ដ្ឋ។
របៀប​ធ្វើ​គ្រឿង​បន្ថែម​រសជាតិ​៖
​​​- យក​សាច់​ជ្រូក​ច្របល់​ជា​មួយ​ម្រេច ឲ្យ​សព្វ​​រួច​លុញ​ៗ​​ជា​ដុំ​តូច​ៗ។
របៀប​ចម្អិន​ជា​នំ​ភីហ្សា៖
– យក​ម្សៅ​ដែល​បាន​ផ្អាប់​ទុក​មួយ​ម៉ោង​រួច មក​​វាយ​ជា​រាង​មូល​សំប៉ែត​​​តាម​ការ​ពេញ​ចិត្ត​ រួច​យក​វា​ដាក់​ក្នុង​ថាស​មួយ​​ដែល​មាន​ចាក់​ប្រេង​បន្តិច​​គ្រប​ទុក​រយៈ​ពេល​១០​នាទី។
– យក​នំ​មក​​ថែម​គ្រឿង​ពី​លើ​ដោយ​រោយឈីស ស្រូប​ទឹក​ជ្រលក់​ រួច​ដាក់​សាច់​ជ្រូក​ចិញ្ច្រាំដ​ដែល​បាន​ពូត​ជា​ដុំ​តូច​ៗ ដាក់​ម្ទេស​ប្លោក​បៃតង​ហាន់​រួច។ រៀប​ចំ​រួច​រោយ​​ឈីស​ពី​លើ​បន្ថែម​ រួច​យក​​នំ​ភីហ្សា​ទៅ​ដុត​​ចម្អិន​​ក្នុង​​​កម្ដៅ​ប្រមាណ​២៣០​អង្សា​សេ រយៈ​ពេល​ប្រហែល​​២៥​នាទី អ្នក​នឹង​បាន​ភីហ្សា​​ក្លិន​ឈ្ងុយ​ឆ្ងាញ់​​មួយ​។
ប្រភព៖ sabay

No comments:

Post a Comment

Pages